ប៉ូលិសសេដ្ឋកិច្ចខេត្ត Bac Ninh (បាក់និញ) ឃុំខ្លួនម្ចាស់ទីតាំងផលិតទឹកខ្មេះក្លែងក្លាយមួយកន្លែង បន្ទាប់ពីរកឃើញថា បានយកអាស៊ីតអាសេទិក (Axit Acetic) លាយជាមួយទឹក រួចបិទស្លាកយីហោថាជា «ទឹកខ្មេះសធម្មជាតិ១០០%» ដើម្បីដាក់លក់នៅលើទីផ្សារ ។

អាជ្ញាធរវៀតណាម បានបើកប្រតិបត្តិការបង្ក្រាបសិប្បកម្មខុសច្បាប់មួយកន្លែង ដោយដកហូតបានទឹកខ្មេះក្លែងក្លាយចំនួន ៧.៤៨៨ ដប (ចំណុះ០,៥ លីត្រ/ដប) រួមជាមួយសារធាតុអាស៊ីតអាសេទិកចំនួន១៥០ គីឡូក្រាម សម្ភារៈវេចខ្ចប់ ស្លាកសញ្ញា និងឧបករណ៍ផលិតជាច្រើនទៀត ។
ម្ចាស់ទីតាំងសិប្បកម្មផលិតទឹកខ្មេះក្លែងក្លាយខាងលើបានសារភាពថា ខ្លួនបានយកអាស៊ីតគីមីមកលាយជាមួយទឹកធម្មតា ដើម្បីផលិតជាទឹកខ្មេះលក់កេងចំណេញ បន្លំភ្នែកអ្នកប្រើប្រាស់ថា ជាផលិតផលធម្មជាតិ ។
ករណីបន្លំផលិតទឹកខ្មេះដោយលាយអាស៊ីតបែបនេះ ក៏ធ្លាប់ត្រូវបានរកឃើញនៅតំបន់ផ្សេងទៀតនៃប្រទេសវៀតណាម ដូចជាខេត្ត Da Nang និងខេត្ត Ninh Binh កាលពីពេលថ្មីៗនេះ ។

ជុំវិញករណីនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រសុខាភិបាលបានចេញមុខព្រមានថា ទឹកខ្មេះក្លែងក្លាយ ដែលផលិតចេញពីអាស៊ីតគីមី (Acetic Acid ឧស្សាហកម្ម) មិនមែនជាទឹកខ្មេះពិតប្រាកដដែលបានមកពីការផ្អាប់តាមបែបជីវសាស្ត្រតាមរយៈមេ ដែលផលិតចេញពីវត្ថុធាតុដើមមានដូចជាអង្ករដំណើប ស្ករ ឬស្រានោះទេ ។ តែសារធាតុទាំងនេះអាចផ្ទុកនូវលោហៈធ្ងន់ និងអាស៊ីតហ្វូមីក ដែលបានមកពីឧស្សាហកម្មប្រេងកាត ដែលបង្កគ្រោះថ្នាក់ដល់ថ្លើម តម្រងនោម និងបង្កើនហានិភ័យនៃជំងឺមហារីក ប្រសិនបើប្រើប្រាស់យូរអង្វែង ។ ហើយប្រសិនបើគេប្រើទឹកមិនស្អាតមកលាយ វាអាចឆ្លងមេរោគដូចជា E.coli ឬ Salmonella បង្កឱ្យរាគរូស និងពុលចំណីអាហារធ្ងន់ធ្ងរ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Tran Thuong Quang មកពីសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានបញ្ជាក់ថា ៖ ទឹកខ្មេះពិត៖ មានក្លិនក្រអូបស្រាល រសជាតិជូរអែម និងមានពណ៌ល្អក់បន្តិច ឬមានកករបន្តិចនៅបាតដបក្រោយពេលរក្សាទុកយូរ ។ ទឹកខ្មេះលាយអាស៊ីត ៖ មានសភាពថ្លាឆ្វង់ដូចទឹក ក្លិនក្រដាស (ក្លិនគីមីខ្លាំង) និងមានរសជាតិជូរខ្លាំង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ខណៈដែលអាជ្ញាធរបន្តរុករកផលិតផលដែលបានចែកចាយលើទីផ្សារ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដល់សាធារណជន៕





