Wow ខ្មែរអាចធ្វើបាន! កម្ពុជាយើងបង្ហាញគម្រោងស្តុកថាមពលថ្ម 1,000 MWh ធំបំផុតនៅអាស៊ីអាគ្នេយ៍!

នៅថ្ងៃទី 13 មីនា 2026 កម្ពុជាយើងបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្តុកថាមពលដោយថ្ម (Battery Energy Storage System – BESS) ដែលមានសមត្ថភាពសរុប 1,000 មេហ្គាវ៉ាត់ម៉ោង (MWh) ដែលជាគម្រោងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SchneiTec ហើយមានគោលបំណងមិនត្រឹមតែស្តុកថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពជឿជាក់នៃប្រព័ន្ធបណ្តាញអគ្គិសនីជាតិផងដែរ។

ស្ថានីយ៍នេះអាច រក្សាទុកអគ្គិសនីលើស ដែលផលិតពីថាមពលព្រះអាទិត្យ និងខ្យល់នៅពេលថ្ងៃ ហើយយកមកប្រើនៅពេលក្រោយ ជាពិសេសនៅពេលយប់។ វាជួយកាត់បន្ថយការពឹងផ្អែកលើ ឥន្ធនៈ និងគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាយើង ទៅរកប្រភពថាមពលស្អាតជាងមុន។

អ្នកជំនាញផ្នែកថាមពលបានបញ្ជាក់ថា គម្រោងនេះក៏ធ្វើឱ្យកម្ពុជាក្លាយជា មេដឹកនាំក្នុងតំបន់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា “grid-forming”ដែលជាប្រព័ន្ធកម្រិតខ្ពស់សម្រាប់ជួយធ្វើឱ្យបណ្តាញអគ្គិសនីមានស្ថិរភាព បើទោះបីជាមានការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើនក៏ដោយ។ មុនពេលគម្រោងនេះដាក់ឱ្យដំណើរការ ស្ថានីយ៍ស្តុកថាមពលថ្មធំបំផុតនៅអាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងប្រទេស Malaysia ដែលមានសមត្ថភាពប្រហែល 400 MWh ប៉ុណ្ណោះ។ នេះមានន័យថា កម្ពុជាបានក្លាយជាប្រទេសដែលមានគម្រោង BESS ធំបំផុតក្នុងតំបន់។ គម្រោងថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់កម្ពុជាយើង ក្នុងការពង្រីកសមត្ថភាព ថាមពលកកើតឡើងវិញ និងបង្កើនភាពរឹងមាំនៃបណ្តាញអគ្គិសនី ខណៈតម្រូវការថាមពលកំពុងកើនឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *